ប្រពៃណីធ្វើត្បាល់បុកនិងត្បាល់កិនម្សៅតាំងពីបុរាណមកដល់បច្ចុប្បន្ន
អ្នកស្រីធូ នាង អាយុ៥២ឆ្នាំ ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា តាំងពីគាត់ដឹងក្តីមកបានចាប់យករបរផលិតត្បាល់បុកធ្វើអំពីថ្មបាយក្រៀម ។ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ត្បាល់១លក់បាន៥រៀល ។ ក្រោយមកទៀតលក់បាន១ តម្លៃ២០០០រៀល ដោយមានអ្នកធ្វើដំណើរពីទីជិត ទីឆ្ងាយទៅទិញជាហូរហែ ។
អ្នកស្រីធូ នាង ឱ្យដឹងថាពេលសំបូរថ្មងាយស្រួលរកយកមកធ្វើត្បាល់បុក និងត្បាល់កិនដែលមានចំងាយពីផ្ទះប្រមាណជា១០គីឡូម៉ែត្រ ។
«របរនេះមិនធ្វើឱ្យជីវភាពខ្ញុំធូរធារទេគ្រាន់តែអាចដោះស្រាយជីវភាពគ្រួសារប៉ុណ្ណោះ ។ ខ្ញុំបោះបង់របរនេះជិត១០ឆ្នាំមកហើយតាំងពីគេប្រើប្រាស់ម៉ូទ័រដើម្បីកៃច្នៃធ្វើត្បាល់មក តែប្អូនរបស់ខ្ញុំនៅតែបន្តអាជីពនេះដដែល ។ ខ្ញុំកម្លាំងខ្សោយត្រូវងាកទៅប្រកបរបរធ្វើស្ករត្នោតលក់ម្តង ព្រោះធូរស្រាលកម្លាំងជាងមុនបន្តិច ខណៈអ្នកភូមិរបស់ខ្ញុំជាច្រើននៅប្រកបរបរធ្វើត្បាល់នេះដើម្បីផ្គត់ផ្គង់ជីវភាព» ។
ស្ត្រីឈ្មោះជុន ចាន់ថា អាយុ៣៦ឆ្នាំ ឱ្យដឹងថា ធ្វើត្បាល់បុក ដំបូងៗពិបាកណាស់ដោយពេលដាប់ថ្មមុតហូរឈាម តែក្រោយពីចេះស្ទាត់លែងមុតទៀតហើយ ។ លុះពេលមានប្តីហើយនាងនៅតែបន្តរបរនេះដដែល ដោយក្នុង១ថ្ងៃអាចធ្វើបានប្រមាណ២០ត្បាល់ ទទួលបានកម្រៃ៤ម៉ឺនរៀល ។
ថ្មដែលយកមកធ្វើត្បាល់គឺថៅកែដឹកពីទីឆ្ងាយ ដោយគេកែច្នៃចេញរាងជាត្បាល់ស្រាប់ ដូច្នេះធ្វើរហ័សទាន់ចិត្តមិនចំណាយពេលយូរទេ ។
ស្ត្រីឈ្មោះជុន ចាន់ថា បញ្ជាក់ថា រាល់ថ្ងៃធ្វើត្បាល់បុកប្រើប្រាស់ម៉ូទ័រសម្រាប់ខាត់សំលៀង ហើយទទួលបានប្រាក់ឈ្មួល១តម្លៃ២៥០០រៀល ។ ក្នុងពេលណាដែលមានភ្លៀងធ្លាក់ធ្វើមិនកើតទេ ដោយខ្លាចឆ្លងចរន្តអគ្គិសនីឆក់ ។
របរធ្វើត្បាល់នេះអ្នកស្រីជុន ចាន់ថា ចេះតពីម្តាយ តែ កូនៗរបស់គាត់មិនឱ្យប្រកបរបរនេះទេ ព្រោះយ៉ាប់យ៉ឺនកម្លាំងពេកនិងមិនបានជួួយឱ្យជីវភាពធូរធារទេ ៕
ប្រភព កោះសន្តិភាព
Post a Comment