9តំបន់សំខាន់ៗក្នុងខេត្តកំពតសម្រាប់ដើរលំហែកំសាន្ត
1.ទឹកឈូ
ប្រជាជនខ្មែរស្ទើរតែគ្រប់រូប ក្រោយសប្បាយនៅសមុទ្រឆ្អែតឆ្អន់នៅព្រឹកហើយ ភាគច្រើននឹងតម្រង់ទៅកាន់ រមណីយដ្ឋានទឹកឈូ នៅពេលថ្ងៃ។ គេអាចងូតទឹក ដែលធ្លាប់ហូរកាត់ជ្រោះថ្មត្រជាក់កាយក្រៃលេង។ ទស្សនាសត្វប្លែកនៅក្នុងសួន មុនទៅឆ្ពោះទៅមើលចម្ការធូរ៉េន និងទិញពិសានូវភោគផលធម្មជាតិទាំងនោះ ដែលឲ្យផលនៅអំឡុងដាច់ខែក្ដៅ។
2.គុហាកំពត
មានចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុងកំពត គុហាកំពត គឺជាល្អាងស្រទាប់ថ្មកំបោរទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកទេសចរណ៍ ពិសេសបរទេស។ គុហាដែលគេត្រូវឆ្លងកាត់មុនគេ គឺគុហាភ្នំឆ្នុក ដែលមានសំណង់បាក់បែកបន្សល់ពីសម័យហ្វូណន គឺទាំងពីមុនសម័យមុនអង្គរម៉្លេះ។ ផុតគុហាទី១ គេនឹងទៅដក់គុហាបន្ទាប់ទៀតដែលរំលេចដោយល្អាងថ្មភ្នំ។
3.កំពង់ត្រាច
ចាកចេញពីផ្លូវជាតិលេខ៣ តាមផ្លូវជាតិ៣៣ មិនយូរប៉ុន្មានឡើយ គេនឹងទៅដល់ប្រជុំជន កំពង់ត្រាច ហើយទេសភាពភ្នំមានតែផ្ទាំងថ្មចោទខ្ពស់សន្លឹម ច្រើនជាងទេសភាពដើមឈើ នឹងលេចឡើង។ អ្នកទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវលំធំល្មមប្រមាណ១០នាទី គេនឹងទៅដល់ជើងភ្នំដែលសម្បូរដោយផ្ទាំងថ្ម និងមានអារាមពុទ្ធសាសនាក្រខ្សត់នៅជាប់ភ្នំ ដែលក្រឡឹងជុំជិតដោយទេសភាពស្រស់បំព្រងនារដូវធ្លាក់ភ្លៀង។ ជញ្ជាំងថ្មភ្នំខ្ពស់ និងរូងថ្មនៅទីនោះ ពិតជាធ្វើឲ្យអ្នកទៅដល់ទីជាលើកដំបូងមិនអាចបំភ្លេចបានឡើយ។ នៅមានល្អាងព្រះចន្ទ ដែលមានទឹកថ្លាឈ្វេងក្នុងរូងថ្ម ត្រជាក់ដូចទឹកអម្រិតអាចងូតយ៉ាងវិសេសវិសាល។
4.បូកគោ
ជាង៤០គីឡូម៉ែត្រទីក្រុង កំពត អ្នកទេសចរណ៍នឹងឡើងទៅដល់លំហវេហា ដែលពេលខ្លះផ្សែងពពកត្រជាក់ស្រឹប រសាយមកប៉ះនឹងរាងកាយ ជនទាំងឡាយដែលកំពុងនៅកំពូលភ្នំកម្ពស់១០៧០ម៉ែត្រមួយនេះ មិនខាន។ នៅពេលអាកាសធាតុត្រជាក់ គេអាចមើលឃើញពពកនៅត្រឹមចង្កេះភ្នំ ស្រអាប់បែកផ្សែង។ ធម្មជាតិតែងតែបញ្ចេញសម្រស់ស្រស់ត្រកាលស្ទើរគ្រប់រដូវ។
5.ព្រែកត្នោត
ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ គឺជាង៣០គីឡូម៉ែត្រខាងលិចក្រុងកំពត ព្រែកត្នោត ជារមណីយដ្ឋានដ៏ទាក់ទាញ សម្បូរដោយជីវចម្រុះ ពិសេសពពួកសត្វកម្រ និងសត្វជិតផុតពូជតែម្ដង។ ជ្រោះថ្មបានហូរនាំទឹកធ្លាក់ពីភ្នំបូកគោ ចាក់ទៅផ្ទៃសមុទ្រ ដែលបានធ្វើឲ្យ ព្រែកត្នោត ហាក់បីដូចជាទឹកឈូ ថ្មីមួយទៀតនៅ កំពត។
6.ទំនប់ម្លិច
នៅស្រុក ជុំគិរី គឺប្រមាណ៩០គីឡូម៉ែត្រពីភ្នំពេញ តាមផ្លូវជាតិលេខ៣ ទំនប់ម្លិច បានក្លាយជាតំបន់លម្ហែថ្មីមួយទៀត នៅតំបន់ចន្លោះខេត្តតាកែវនិង កំពត។ ពីអតីតកាល ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនខ្មែរសាងសងទំនប់ទឹកល្ហល្ហេវនេះឡើងដើម្បីបម្រើកសិកម្មនាអំឡុងឆ្នាំ១៩៧៧។ ប៉ុន្តែអាងទឹកជាប់អតីតកាលជូរចត់ ឥឡូវបានប្រែជាទីសប្បាយសម្រាប់ប្រជាជនខ្មែរ។ អាងទឹកសាបថ្លាឆ្លុះ បានព័ទ្ធដោយសម្រស់បៃតងស្រស់នៃព្រៃភ្នំដ៏ត្រកាល។
7.ភ្នំឆ្នោរ
នៅពេលលោកអ្នកដើរកម្សាន្តនៅខេត្តកំពត សូមកុំភ្លេចទៅលេងនៅរមណីយដ្ឋានភ្នំឆ្នោរ។ រមណីយដ្ឋាននេះមានគុហារមួយ ដែលបានបន្សល់ទុកនូវកម្ទេចកម្ទីបាក់បែក ជាភស្តុតាងសម្រាប់បង្ហាញថា ទីនេះធ្លាប់ជាតំបន់បេតិកភ័ណ្ឌប្រវត្តិសាស្ត្រនៃក្រុងកំពត។
8.ទំនប់ប្រទក្យក្រឡា
ទំនប់ប្រទក្យក្រឡា ស្ថិតក្នុងភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ក្នុងខេត្តកំពត ។ ដើម្បីទៅកាន់តំបន់កម្សាន្តមួយនេះ គឺមានផ្លូវច្រើនខ្សែដែលអាចឲ្យអ្នកទេសចរ ចូលទៅដល់ទំនប់នេះបាន។ ទីមួយតាមផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រទី ១៣៣ មានប្រឡាយមួយ គឺអ្នកទេសចរចូលតាមមាត់ប្រឡាយខាងលិច។ ផ្លូវទី១ នេះអាចនាំអ្នកទេសចរទៅដល់ខាងលិចទំនប់(ប្រហែល៤គីឡូម៉ែត្រ) រួចបត់ត្រង់ទៅខាងឆ្វេងប្រមាណ១គីឡូម៉ែត្រ។ ផ្លូវទី២ ចូលតាមខ្លោងទ្វារវត្តកំពូលមាស ហួសផ្លូវចូលរោងចក្រស៊ីម៉ងត៍ចក្រីទីង ប្រមាណជា១០០ម៉ែត្រ (ទិសដៅពីភ្នំពេញ) ទៅត្រង់ប្រមាណជា ៣គីឡូម៉ែត្រ ដល់ផ្លូវបំបែកជា ៤ អ្នកនឹងឃើញស្លាកសញ្ញារមណីយដ្ឋានភ្នំឈ្ងោក។ សូមបត់ឆ្វេងទៅតាមភ្នំនេះ រួចអ្នកនឹងមកដល់ មាត់ប្រឡាយខាងលិចដែរដូចផ្លូវទី១ដែរ តែផ្លូវទី២នេះ មានលក្ខណៈធំទូលាយអាចឲ្យរថយន្តជៀសគ្នាបាន។
9.រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ
រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត បើធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមផ្លូវជាតិលេខ៣ឆ្ពោះទៅខេត្តកំពត ហើយឆ្លងស្ពានថ្ម ក្នុងទីរួមខេត្តប្រមាណជា៥០ម៉ែត្របត់ខាងស្តាំនឹងឃើញស្លាកសញ្ញាសួនសត្វ «ញឹមវណ្ណដាទឹកឈូ និងរមណីយដ្ឋានទឹកឈូ» ហើយឆ្ពោះទៅដល់វារីអគ្គិសនីបត់ឆ្វេងប្រមាណ៥០៤ម៉ែត្រ ឃើញស្លាករបស់រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ហើយ។រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ គឺជាតំបន់ទឹកធ្លាក់ពីធម្មជាតិមានកម្ពស់២៧ម៉ែត្រមានរបាំងថ្មភ្នំ៣ជាន់ដែលក្នុងរបាំងថ្ម នីមួយៗមានបណ្តោយ៤២ម៉ែត្រ និងទទឹង៣៥ម៉ែត្រដែលហូរធ្លាក់ចុះមកខាងក្រោម មានចម្ងាយ ១.៤០០ម៉ែត្រ ទើបទៅដល់កន្លែងអាងស្តុកទឹកដ៏ធំមួយ និងមានទ្វារគ្រប់គ្រង បិទបើកទឹកជាកន្លែងកម្សាន្ត ។ នៅក្នុងបរិវេណទឹកធ្លាក់នោះមានរោងចក្រផលិតទឹកបរិសុទ្ធធម្មជាតិតាដាបូកគោផងដែរ ។
អ្នកទេសចរទាំងជាតិ និងអន្តរជាតិភាគច្រើនរមែងធ្វើដំណើរទៅឈប់សំចត និងលំហែកាយនៅរមណីយដ្ឋានឆ្នេរសមុទ្រកែបដ៏ល្បីល្បាញ និងទឹកឈូដែលជាគោលដៅចម្បងក្នុងចំណោមតំបន់ទេសចរណ៍ ផ្សេងៗទៀត ប៉ុន្តែពួកគេហាក់ដូចជាកំពុងចាប់អារម្មណ៍ពីរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីមួយ ដែលទើបតែរះឡើង គឺ «ទឹកធ្លាក់ថ្មតាដាសច្ចំ» ។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មតាដាសច្ចំ មានលក្ខណៈខុសប្លែក ឬចម្លែកភ្នែកពីរមណីយដ្ឋាន ផ្សេងៗទៀតនៅកម្ពុជា ព្រោះទីនោះមានទឹកធ្លាក់ប្រកបដោយទេសភាពធម្មជាតិស្រស់ត្រកាល បើបានទៅទស្សនាហើយប្រាកដជាចង់ទៅម្តងទៀត ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នោះ គឺអ្នកទេសចរអាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ គ្រាន់តែឈានជើងជិតដល់ទឹកធ្លាក់ហាក់ ដូចជាមានចំហាយត្រជាក់លាយឡំនឹងខ្យល់បក់មកប៉ះរាងកាយធ្វើឱ្យបាត់ការនឿយហត់បន្ទាប់ពីដើរឡើងអស់កម្លាំង ។
តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មតាដាសច្ចំបាននិងកំពុងតែស្ថាបនា ឱ្យមានសោភ័ណភាពល្អស្រស់ដើម្បីទាក់ទាញអ្នកទេសចរបន្ថែមទៀតក្នុងការប្រកួតប្រជែងជាមួយតំបន់ទេសចរណ៍ ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ។ តាមរយៈនៃការអភិវឌ្ឍតំបន់ទេសចរណ៍មួយនោះ រំពឹងថា ប្រជាពលរដ្ឋរស់នៅតំបន់នោះនឹងមានមុខរបរ រួមទាំងជីវភាពល្អប្រសើរជាងមុនមិនខាន ៕
Post a Comment