ក្រុមអ្នកឃ្លាំមើលស៊ីរី៖ «អាមេរិកទម្លាក់គ្រាប់បែកចំសាលារៀន ស្លាប់ជនស្លូតត្រង់ចំនួន ៣០នាក់!»
(ស៊ីរី)៖ មនុស្សយ៉ាងតិចចំនួន ៣៣នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយកងយន្តហោះចម្បាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើសាលារៀនមួយកន្លែង ដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌល សម្រាប់ជនគ្មានទីជ្រកកោនស្នាក់អាស្រ័យ នៅក្បែរ ទីក្រុងមួយដែលកំពុងស្ថិតក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធ។ នេះបើតាមការអះអាង ពីសំណាក់ក្រុមឃ្លាំងមើលសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសស៊ីរីផ្ទាល់ ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន Daily Mail នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
សាលារៀនដែលត្រូវបានប្រែក្លាយទៅជាទីអាស្រ័យរបស់ជនភៀសខ្លួនខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Raqa ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS។ ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីលោក Rami Abdel Rahman បានថ្លែងថា «ឥឡូវនេះយើងអាចបញ្ជាក់អះអាងបានថាមនុស្សចំនួន ៣០នាក់បានស្លាប់ ហើយពួកគេទាំងអស់សុទ្ធតែជាជនភៀសខ្លួនមកពីទីក្រុង Raqa, Aleppo, និង Homs»។ លោក Rahman បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ភ្នាក់ងារជួយសង្រ្គោះនៅតែកំពុងបន្តទាញយកសាកសពជនរងគ្រោះចេញពីគំនរបាក់បែកនៅឡើយទេ ខណៈមានមនុស្សតែពីរនាក់គត់ត្រូវគេទាញចេញយកមកក្រៅដោយនៅរស់រានមានជីវិត។
គួរបញ្ជាក់ថាមនុស្សមិនក្រោម ៣២០,០០០នាក់ឡើយបានស្លាប់ និងរាប់លាននាក់ផ្សេងទៀតបានបាត់បង់ទីជម្រក ចាប់តាំងពីជម្លោះនៅក្នុងប្រទេសស៊ីរីបានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១ ជាមួយក្រុមឧទ្ទាមប្រឆាំងមេដឹកនាំលោក បាហ្សា អាល់ អាស្សាដ រហូតដល់ប្រទេសស៊ីរីក្លាយជាទីជម្រករបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ថែមទៀត៕
Post a Comment