នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអះអាងថា «នឹងបន្តការទម្លាក់គ្រាប់បែកនៅស៊ីរី» ទោះបីជាលោក ពូទីន អំពាវនាវឲ្យបញ្ឈប់!
(អ៊ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា លោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាកងកម្លាំងអ៊ីស្រាអែល នឹងបន្តការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសស៊ីរី បើសិនជាពួកគេយល់ថាជាការចាំបាច់ ហើយមិនតែប៉ុណ្ណោះ លោកក៏បានច្រានចោលផងដែរចំពោះព័ត៌មានដែលថា ទីក្រុងម៉ូស្គូ បានទទូចឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅលើទឹកដីស៊ីរី។ នេះបើតាមការចញ ផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង លោក ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់យ៉ាងខ្លីថា «បើសិនជាចាំបាច់យើងនឹងបើកការវាយប្រហារតាមផ្លូវអាកាស ហើយយើងនឹងបន្តធ្វើវា»។ ការអះអាងបែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់កុំឱ្យអ៊ីស្រាអែល ធ្វើប្រតិបត្តិការយោធានៅលើទឹកដីស៊ីរី ក៏ដូចជាបញ្ជៀសជម្លោះរវាងទីក្រុងដាម៉ាស់ និងទីក្រុងតែលអាវីវ។ ជាងនេះទៅទៀតដោយសារតែ ប្រតិបតិ្តការយោធានេះដែរ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងម៉ូស្គូ ឱ្យមកបំភ្លឺពាក់ព័ន្ធនឹងការវាយប្រហារតាមផ្លូវអាកាសលើតំបន់ក្បែរទីក្រុង Palmyra ។
គួរបញ្ជាក់ថាបើតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសលើតំបន់ក្បែរទីក្រុង Palmyra ប្រទេសស៊ីរីកាលពីថ្ងៃសុក្រសប្ដាហ៍មុន គឺមានគោលបំណងបំផ្លាញក្បួនរថយន្ដដឹកជញ្ជូនអាវុធ នៃក្រុមឧទ្ទាមហេសប៊ូលឡា ដែលជាសត្រូវធំបំផុតរបស់អ៊ីស្រាអែល។ ក៏ប៉ុន្តែជាការឆ្លើយតបកងទ័ព ស៊ីរីបានបាញ់ទម្លាក់យន្ដហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿង តែទីក្រុងតែលអាវីវបានបដិសេធ។ ចំពោះក្រុមឧទ្ទាមហេសប៊ូលឡា គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបដឹកនាំស៊ីរី និងអ៊ីរ៉ង់៕
ប្រភព Freshnews
Post a Comment