គេចមិនរួច! អាជ្ញាធរចិន «ចាប់ខ្លួនបុរសម្នាក់​ជាមួយ ពេជ្រ១,០០០គ្រាប់ លាក់ក្នុងស្បែកជើង!»




(ប៉េកាំង)៖ បុរសវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួន នៅពេលកំពុងព្យាយាមរត់ពន្ធដោយលាក់ពេជ្រច្រើនជាង ១,០០០គ្រាប់នៅក្នុងស្បែកជើងពីទីក្រុង Hong Kong ចូលទៅក្នុងទីក្រុង Shenzhen។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន​ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។

មន្ត្រីគយក្នុង​ទីក្រុង Shenzhen នៃខេត្ត Guangdong ភាគខាងត្បូង​ប្រទេសចិន បានរកឃើញ​គ្រាប់ពេជ្រ​ទម្ងន់ ២១២.៩ក្រាត​នៅលើខ្លួន​បុរសម្នាក់ ខណៈរូបគេ​ព្យាយាមឆ្លង​កាត់កំពង់ផែ Luohu ដែលភ្ជាប់​ជាមួយ​ទីក្រុង Hong Kong កាលពីថ្ងៃទី១៣ ខែមីនា។ ក្រុមមន្ត្រី​ទំាងនេះ បានបញ្ជាក់​ដូច្នេះថា «បុរសជាជនសង្ស័យ​ហាក់ដូចជា​ភ័យខ្លាច​ នៅពេល​យើងសម្លឹង​ទៅរកគាត់ ហើយរូបគាត់​បានដើរយ៉ាង​លឿនក្រោម​ឥរិយាបថ​ធម្មតា។ ក៏ប៉ុន្តែក្រោយ​មកយើង​បានសុំឱ្យគាត់​ដោះស្បែក ហើយក្នុងពេល​នោះដែរយើងបានរកឃើញ​កូនថង់តូចៗ ច្រកពេជ្រជាច្រើនគា្រប់ រីឯបច្ចុប្បន្នបុរស​ម្នាក់នេះ កំពុងស្ថិតនៅ​ក្រោមការស៊ើប​អង្កេត»។

គួរបញ្ជាក់ថា​បើតាមមន្ត្រីគយ​នៃកំពង់ផែ Luohu បានរកឃើញ​ពេជ្រ​ជាច្រើនគ្រាប់​ដែលជនល្មើស​លាក់ទុកនៅក្នុង​ស្រោមជើង ឬប្រអប់ដាក់​ចំណីអាហារ នារយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ។ ជាក់ស្ដែងកាលពី​ប៉ុន្មានថ្ងៃមុន បុរសម្នាក់ផ្សេង​ទៀត ក៏ត្រូវបានចាប់ខ្លួន​ផងដែរ សម្រាប់ការ​រត់ពន្ធដោយ​លាក់ពេជ្រ ១,៥៥៤គ្រាប់ គិតជាទម្ងន់ ១៦៤ក្រាត​នៅក្នុងប្រអប់ដាក់​អាហារ៕






ប្រភព Freshnews

No comments