ផ្សារបណ្តែតទឹកលើកដំបូងរបស់ កម្ពុជា នឹងសាងសង់នៅពេលឆាប់ៗនេះ
ផ្សារបណ្តែតទឹកជាលើកដំបូងនៅកម្ពុជាដែលគ្រោងវិនិយោគដោយក្រុមហ៊ុន SKYLAND សហការជាមួយក្រុមហ៊ុនជំនាញមកពីប្រទេសថៃគ្រោងបើកឲ្យដំណើការសាងសង់នៅពេលឆាប់ៗនេះ ដោយសារការរៀបចំប្លង់មេរបស់គម្រោងនេះបានបញ្ចប់ហើយ។
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន SKYLAND បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា ការសាងសង់ផ្សារបណ្តែតទឹកនេះគ្រោងសាងសង់នៅរយៈពេលពីរខែខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ ផ្សារបណ្តែតទឹកនេះគ្រោងរៀបចំលើផ្ទៃដី៥០ហិកតា ដោយជំហានទី១ ធ្វើឡើងលើផ្ទៃដី២០ហិកតា ជំហានទី២ លើផ្ទៃដី ១០ ហិកតា និងរួមទាំងចំណតយានយន្តសរុបផ្ទៃដីទាំងមូលនៃគម្រោងនេះស្មើនឹង៥០ហិកតា។ អ្នកជំនាញមកពីប្រទេសថៃ នឹងមកជួយរៀបចំប្លង់មេ និងរៀបចំបែបបទនិតិវិធី ដើម្បីរៀបចំផ្សារបណ្តែតទឹកនេះ ដែលនៅទីបញ្ចប់គម្រោងនេះអាចគ្របដណ្តប់លើផ្ទៃដីរហូតដល់ ៣០ ហិកតា។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទំហំនៃការចំណាយប្រាក់វិនិយោគ និងឈ្មោះក្រុមហ៊ុនដែលបានសហការជាមួយ SKYLAND នៅឡើយ។
លោកឧកញ៉ា ស្រី ចាន់ថន បានបន្តថា ៖ «យើងចង់ធ្វើអ្វីមួយឲ្យមានភាពច្បាស់លាស់តែម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុប និងអាស៊ីពេលមករាជធានីភ្នំពេញ ពួកគេទៅទស្សនាផ្សារបណ្តែតទឹក និងផ្សាររាត្រីកុងទីណ័រ ហើយបើទៅសៀមរាប គឺពួកគេទៅទស្សនានៅអង្គវត្ត»។
ផ្សារបណ្តែតទឹកនេះនឹងរៀបចំឲ្យមានទូកលក់ទំនិញ និងផ្ទះ ដែលរៀបចំ និងរចនាឡើងតាមរចនាប័ទ្មខ្មែរសុទ្ឋ និងទូកធំៗអាចមានប្រវែងរហូតដល់៤០ម៉ែត្រ។
លោកបន្តថា ក្រុមហ៊ុនរៀបចំគម្រោងនេះធំដោយអាចទទួលមនុស្សទៅកំសាន្តចន្លោះពី ១ទៅ២ម៉ឺននាក់ អាចទៅទស្សនានៅតំបន់នោះនាពេលសាងសង់រួចដោយសារស្រុកខ្មែរមិនទាន់មានផ្សារបណ្តែតទឹកបែបនេះនៅឡើយទេ ហើយអ្វីដែលលោករៀបចំគឺ ធ្វើឡើងដោយការច្នៃប្រឌិត និងមានចំណែកខ្លះក្រុមហ៊ុនយកតាមលំនាំមកពីប្រទេសថៃ។
លោក ប៉ាន សេង មេឃុំវិហារសួគ៌ត្បូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងថា លោករីករាយណាស់ ដែលក្រុមហ៊ុន SKYLAND បានមកអភិវឌ្ឍនៅតំបន់នេះ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីបីស្រុកគឺស្រុកពារាំង ស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្តាល។
លោកបន្តថា បើទោះជាក្រុមហ៊ុនមានការសាងសង់ផ្ទះលក់ និងខុនដូក៏មិនសូវមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋាននោះទេ ហើយភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ ជាអ្នកទិញ។
លោកបន្តថា ៖ «ប្រសិនជាក្រុមហ៊ុននេះរៀបចំផ្សារបណ្តែតទឹកមែន នឹងធ្វើឲ្យតំបន់នេះកាន់តែអ៊ូអរ ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ពិតជាសប្បាយចិត្ត ព្រោះវាបានផ្តល់ការងារដល់ប្រជាពលរដ្ឋ»។
លោកបន្តថា ៖ «ខ្ញុំមិនចង់ឲ្យប្រជាជនចំណាកស្រុកទេ ព្រោះបែកពីកូនចៅមិនស្រួលទេ ដូច្នេះបើក្រុមហ៊ុនបង្កើតការងារនៅមូលដ្ឋានបានកាន់តែច្រើនកាន់តែល្អ»។
អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា ភាពជោគជ័យរបស់គម្រោងនេះអាស្រ័យលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ភាពទាក់ទាញ សន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់នោះ ដែលក្រុមហ៊ុនបាននិងកំពុងរៀបចំបណ្តើរៗហើយ។ បច្ចុប្បន្នក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារ បរិក្ខាមានភាពទាក់ទាញជាច្រើនគួបផ្សំនឹងបរិស្ថានមានភាពអំណោយផលនៅទីនោះ ពិតជាទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនទៅទស្សនានៅតំបន់នោះនាពេលអនាគត។
លោកបន្តថា ៖ «តំបន់នោះមានភាពទាក់ទាញ ឬមានសក្តានុពលសម្រាប់ទាក់ទាញ ដោយសារតំបន់នោះមានព្រែកជីក និងស្ទឹងធម្មជាតិ ដែលមានភាពអំណោយផលលើបរិស្ថាន»។
លោកបន្តថា៖ «ប្រសិនជាស្ពានឆ្លងកាត់ពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំបានសាងសង់រួចរាល់ នឹងធ្វើឲ្យតំបន់នោះនៅជិតទីក្រុងភ្នំពេញ និងធ្វើឲ្យគម្រោងនោះទាក់ទាញបាននូវភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន»៕
ប្រភព: ភ្នំពេញប៉ុស្ត៍
Post a Comment