ចោរមួយក្រុមចូលទៅគាស់ផ្ទះ អាជីវករលក់គ្រឿងអលង្ការនៅសង្កាត់ទឹកថ្លា យកអស់ជិត៤ម៉ឺនដុល្លារ, បើកចូលផ្លូវទ័ល ក្រុមចោរទុករថយន្តរត់គេចខ្លួនអស់ (មានវិដេអូ)
(ភ្នំពេញ)៖ ស្រ្តីដែលជាអាជីវករលក់គ្រឿងអលង្ការម្នាក់ នៅផ្សារតនាផ្លាហ្សា ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយថា មានចោរមួយក្រុម មិនដឹងប៉ុន្មានបានចូលគាស់ផ្ទះរបស់ខ្លួន ហើយប្រមូលយកលុយ និងគ្រឿងអលង្ការអស់ជិត៤ម៉ឺនដុល្លារ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។
ក្រុមចោរបានបើករថយន្តមួយគ្រឿងម៉ាក Camery ឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-1129 យកទៅប្លុងចោលតាមផ្លូវដឿងហែម នៅក្បែរផ្សារទឹកថ្លា ដោយសារបើកទៅមុខមិនរួចពោលប៉ះចំផ្លូវទ័ល។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះទៅកាន់ទីតាំងដែលក្រុមចោរបានយករថយន្តរបស់ខ្លួន ប្លុងចោលនៅទីនោះ ដើម្បីពិនិត្យរកវត្ថុតាងបន្ថែមទៀត។
ស្រ្តីរងគ្រោះ ម៉េង វ៉ាន់លី អាយុ៣៥ឆ្នាំ បាននិយាយថា លុយបាត់បង់ប្រហែល៣០០ទៅ៤០០ដុល្លារ ប៉ុន្តែគ្រឿងអលង្ការវិញ បាត់បង់រហូតដល់ជិត៤ម៉ឺនដុល្លារ។
ស្រ្តីរងគ្រោះបានបន្តថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះយកឯកសារទៅដាក់នៅសាលាខណ្ឌទួលគោក ក្រោយមកបានជិះម៉ូតូកង់បីត្រឡប់មកផ្ទះវិញ ខណៈមកដល់មុខផ្ទះអោនចាក់សោរបងស្រាប់តែឃើញជនសង្ស័យ២នាក់ លោតផ្លោះរបងចេញពីផ្ទះគាត់ទៅផ្ទះម្ខាងទៀត។
ពេលនោះគាត់ស្មានតែសមត្ថកិច្ចដេញ ចាប់ពួកជនជាតិក៏ចូលដល់ក្នុងផ្ទះឃើញចំរឹងបង្អួចរបើកគាត់ ក៏ចេញមកវិញស្រែកចោរៗ ហើយជនសង្ស័យក៏រត់ឡើងរថយន្តបក្ខពួក ដែលបញ្ឆេះចាំស្រាប់។ ភ្លាមៗនោះសន្តិសុខឯកជនបានឃើញ និងបានវាយរថយន្តខាងលើមួយដៃបែកកញ្ចក់ទ្វារមុខ ហើយបោះដៃតៗគ្នាឲ្យបិតប៉ារ៉ាស់ខាងមុខ តែរថយន្តខាងលើបើកបុកប៉ារ៉ាស់ហើយគេចខ្លួនដោយសុវត្ថិភាព។
សម្រាប់រថយន្តខាងលើនេះ នឹងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៀត៕
Post a Comment