ពុទ្ធោដល់ម្លឹង! ទិដ្ឋភាពដ៏ព្រឺព្រួច អ្នកស្រុកនៅបង់ក្លាដែស សម្រុកនាំគ្នាឡើងជិះរថភ្លើង ទាំងផ្សងគ្រោះថ្នាក់
បង់ក្លាដែស៖ ថ្មីៗនេះមានរូបភាពគួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាច្រើនសន្លឹក ដែលជាទិដ្ឋភាពប្រចាំថ្ងៃនៃជីវិតកម្មកររាប់ពាន់នាក់ រស់នៅក្នុងប្រទេសបង់ក្លាដែស សម្រុកដណ្តើមគ្នាឡើងជិះរថភ្លើង ហារដល់លើដំបូលប្រៀបបីដូចសត្វស្រមោច ធ្វើដំណើរចេញពីទីក្រុង Dhaka ដើម្បីវិលត្រលប់ទៅផ្ទះវិញទាំងផ្សងគ្រោះថ្នាក់។
ដោយសារតែគ្មានកន្លែងទំនេរសម្រាប់អង្គុយនៅក្នុងទូររថភ្លើង ទើបបណ្តាលឲ្យក្មេងចាស់ប្រុសស្រីជាច្រើន សម្រេចចិត្តឡើងប្រជ្រៀតគ្នាជិះលើដំបូលរថភ្លើង ដែលមានកម្ពស់៣ម៉ែត្រកន្លះផុតពីដីទាំងគ្រោះថ្នាក់បែបនេះ។ នេះបើយោងតាមប្រភពសារព័ត៌មានដេលីម៉ែលបានចុះផ្សាយ។
គួរឲ្យដឹងដែរថា រូបភាពជាច្រើនសន្លឹកដ៏គួរឲ្យព្រឺព្រួចត្រូវបានថតឡើងដោយ លោក Yousuf Tushar អ្នកផលិតឯកសារភាពយន្តម្នាក់ ដែលរូបគាត់បានចំណាយពេលពេញមួយថ្ងៃ នៅឯស្ថានីយរថភ្លើងទីក្រុង Dhaka ដើម្បីរង់ចាំផ្តិតយកទិដ្ឋភាព ដ៏មមាញឹកមួយនេះ។
ប្រភពពីអ្នករស់នៅក្នុងតំបន់បានឲ្យដឹងថា វាគឺជាផ្លូវរថភ្លើងដ៏សែនមមាញឹកជាទីបំផុត នាពេលព្រឹកនិងពេលល្ងាច នៅពេលដែលមនុស្សម្នា ចូលមកធ្វើការក្នុងទីក្រុង និងពេលចេញត្រលប់ទៅផ្ទះវិញ។ ចំណែកឯអ្នកមិនបានចូលអង្គុយ នៅខាងក្នុងទូររថភ្លើង ពួកគេសម្រេចចិត្តឡើងជិះលើដំបូល តោងតាមចំហៀង និងតោងជិះពីមុខក្បាលរថភ្លើងតែម្តង។
ប្រភពបានឲ្យដឹងទៀតថា យ៉ាងហោចណាស់ មានមនុស្សម្នាប្រមាណ ២ ០០០នាក់ បានសម្រុកនាំគ្នាឡើងជិះលើដំបូងរថភ្លើងស្ទើររាល់ថ្ងៃ។ អ្នកដំណើរជាច្រើន តែងត្រូវការសុំជំនួយពីអ្នកដំណើរផ្សេងទៀត ទាំងអ្នកនៅលើដំបូល និងអ្នកអង្គុយខាងក្នុងទូររថភ្លើងផងដែរ ដើម្បីជួយទាញពួកគេ បានឡើងជិះលើដំបូល។ នោះក៏ដោយសារតែ ទូររថភ្លើងគឺមានកម្ពស់ខ្ពស់ រហូតដល់ទៅជិត៤ម៉ែត្រឯណោះ។
លោក Tushar ជាអ្នកថតទិដ្ឋភាពទាំងអស់នោះបាននិយាយថា «ខ្ញុំបានធ្វើដំណើរ ជិះលើដំបូលរថភ្លើង ដើម្បីថតយកទិដ្ឋភាពទាំងស្រុង ដោយកត់សម្គាល់ឃើញថា ល្បឿនខ្យល់ជាមធ្យមមានប្រហែលជា ៤៣គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ ប្រជាជនភាគច្រើនដែលអង្គុយលើដំបូល គ្មានកាន់អីដើម្បីទប់លំនឹងរបស់ពួកគេឡើយ។ ដូចដែលឃើញស្រាប់ហើយ ជួនកាលពួកគេតោងចាប់ កាន់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ លើសពីនេះ បើក្នុងអំឡុងនៃពិធីបុណ្យ ឬសូម្បីតែថ្ងៃបុណ្យសាសនាក្តី កាន់តែមានមនុស្សម្នាកកកុញ ច្រើនជាងនេះទ្វេដងថែមទៀតផង» ។
លោក Tushar បានបន្ថែមទៀតថា «ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូន ក្នុងប្រទេសបង់ក្លាដែស គឺពិតជាខ្សត់ខ្សោយ និងពិបាកជាទីបំផុត ដែលមូលហេតុធ្វើឲ្យប្រជាជន បង្ខំចិត្តជិះលើដំបូលរថភ្លើង តាមតែពួកគេអាចធ្វើទៅបាន។ ហើយវាពិតជាទទួលរងនូវហានិភ័យខ្លាំងណាស់ ក្នុងការធ្វើដំណើររបស់ពួកគេផងដែរ» ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាកម្រងរូបភាពខាងក្រោម៖
Post a Comment