ISIS ប្រកាសថា ជាអ្នករៀបចំផែនការវាយប្រហារភេរវកម្មនៅអង់គ្លេស, ស្លាប់មនុស្ស០៥នាក់ និងចាប់ជនសង្ស័យ០៧នាក់


(ឡុងដ៍)៖ នៅមុននេះបន្តិចយោងតាមសារព័ត៌មាន BBC ចេញផ្សាយបានឲ្យដឹងថា ក្រុមឧទ្ទាម ISIS ប្រកាសថា ជាអ្នករៀបចំផែនការវាយប្រហារ ភេរវកម្មនៅមុខរដ្ឋសភា របស់ប្រទេសអង់គ្លេស។

នៅក្នុងកិច្ចប្រជុំសភាដ៏បន្ទាន់មួយរបស់ចក្រភពអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ​ដោយអំពើភេរវកម្ម​ដ៏កក្រើកទីក្រុងឡុងដ៍នោះ នាយករដ្ឋមន្ត្រីអង់គ្លេសស្រី Theresa May បានប្រាប់​សមាជិកសភាទាំងអស់ថា «យើងមិនភ័យខ្លាច​នោះឡើយ» ចំពោះអំពើភេរវកម្ម ខណៈលោកស្រីក៏បាន​អះអាងទៀតថា ភេរវករមួយរូបនោះគឺជាអ្នកដែល​ចាប់កំណើតនៅ​ចក្រភពអង់គ្លេសផ្ទាល់តែម្តង។ នេះបើតាម​សារព័ត៌មាន BBC ចេញផ្សាយនាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

​នៅក្នុងចំណោមជន​រងគ្រោះទាំង០៥ខាងលើ មានប៉ូលិសម្នាក់ឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំរួមទាំងភេរវករម្នាក់ផងដែរ ហើយការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយអង់គ្លេស​ហាមឃាត់អ្នកដំណើរ​មកពី​អាកាសយានដ្ឋាន​ នៃបណ្ដាប្រទេសមជ្ឈិម​បូព៌ាមួយចំនួន នំាយកគ្រឿង​អេឡិចត្រូនិច មានទំហំធំជាងទូរស័ព្ទឡើងលើ​យន្ដហោះ។

លោក Mark Rowley ប្រធានទីភ្នាក់ងារ​ប្រឆាំងភេរវកម្មរបស់អង់គ្លេស​បាននិយាយថា ប៉ូលិសបានកំណត់​ជនសង្ស័យ​ជាច្រើននាក់ ដោយជន​សង្ស័យ​ដែលត្រូវបាន​ចាប់ខ្លួនមានចំនួន ០៧នាក់ជាជនចំរុះជាតិសាសន៍​​ក្នុងនោះមានទាំងស្រី​អាយុខ្ទង់៤០ឆ្នាំ និងបុរសវ័យខ្ទង់ ៥០ឆ្នាំផងដែរ​ដើម្បីរង់ចាំការ​សួរចម្លើយ។ សម្រាប់អ្នករង​របួសទាំង៤០នាក់នៅក្នុងអំពើភេរវកម្មនោះ គឺមាន០៧នាក់កំពុងសម្រាកព្យាបាល​​នៅមន្ទីរពេទ្យ​នៅឡើយ ដោយសារមានស្ថានភាព​ធ្ងន់ធ្ងរ។

យោងតាមប៉ូលិស​អង់គ្លេស បុរសម្នាក់បានដឹកនាំ​សកម្មភាពវាយប្រហារ​ភេរវកម្ម​តែម្នាក់ឯង ដោយដំបូង​ឡើយរូបគេបានបើក​រថយន្ដបំបុកសម្លាប់​មនុស្ស០២នាក់ និងជាច្រើននាក់​ទៀតរងរបួស នៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរសភា​ក្នុងទីក្រុងឡុងដ៏។ បន្ទាប់មកបុរសនេះដដែល​ បានចុះពីលើ​រថយន្ដរត់តម្រង់ទៅកាន់សភា ហើយបានចាក់សម្លាប់​ប៉ូលិសម្នាក់ មុនត្រូវបានប៉ូលិស​ដទៃបាញ់សម្លាប់ ខណៈប៉ូលិសអង់គ្លេស​មិនទាន់បានបញ្ជាក់​ពីអត្តសញ្ញាណ ភេរវកររូប​នេះនៅឡើយទេ៕






No comments