ដល់វេន អុីស្រាអែលម្តង ប្រកាសបាញ់មិនប្រណី បើសិនជា…ហ៊ាន..




រដ្ឋមន្ត្រីការពារជាតិ ​អ៊ីស្រាអែល លោក Avigdor Lieberman បានព្រមាន ជា​សាធារណ​ថា កងទ័ពអាកាស​ អ៊ីស្រាអែល នឹង កម្ទេចប្រព័ន្ធការពារ ដែនអាកាសស៊ីរីអោយខ្ទេច…


បើសិនជាមាន​គ្រាប់មីស៊ីល​ នៅតែត្រូវបានបាញ់​តម្រង់​រកយន្ដហោះ ​ចម្បាំង​អ៊ីស្រាអែល ដែលកំពុងធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​ស៊ីរី ។ នេះ​បើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today​ នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ ។




តាមការពិត​អ៊ីស្រាអែល និងស៊ីរី​បានស្ថិតនៅ​ក្នុងស្ថានភាព​ប្រកាសសង្រ្គាម​អស់រយៈពេល​រាប់ទសវត្សរ៍​មកហើយ ជាពិសេស​នោះ គឺចាប់​តំាងពី​សង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើង​កាលពី​ឆ្នាំ២០១១​តែម្ដង ដែលជា​ឱកាសមួយ​សម្រាប់​អ៊ីស្រាអែល លូកដៃ​ចូលក្នុង​ជម្លោះនេះ ក្រោមហេតុផល​កម្ចាត់ក្រុម​ភេរវករ ។




ម្យ៉ាងវិញ​ទៀត​សម្រាប់​រដ្ឋបាល​នាយរដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ ស៊ីរី​គឺជាបន្លា​នៅក្នុង​កែវភ្នែក​មួយ គួរតែត្រូវ​បានដកចេញ​នៅថ្ងៃណាមួយ ត្បិត​របបដឹកនាំ​ក្រុងដាម៉ាស់​នៃលោក បាហ្សា អាល់ អាស្សាដ បានផ្ដល់ការ​គំាទ្រដល់​ក្រុមឧទ្ទាម​ ហេសប៊ូលឡា​ គាំទ្រ​ដោយអ៊ីរ៉ង់ ដែលជាសត្រូវ​លេខ១ របស់អ៊ីស្រាអែល ។

ក៏ប៉ុន្តែយ៉ាង​ណាក៏ដោយ​រហូតមកទល់នឹង​ពេលនេះ អ៊ីស្រាអែល​នៅតែមានការ​ស្ទាក់ស្ទើរ​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​បើកចំហ​វាយប្រហារ​លើស៊ីរី ដោយសារតែទីក្រុង​ដាម៉ាស់ មានរុស្ស៊ី និងអ៊ីរ៉ង់​ជាខ្នង​បង្អែក។ ដោយឡែក​ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយវិទ្យុរដ្ឋ លោក Avigdor Lieberman បានព្រមាន​ថា

«នៅ​លើកក្រោយ បើសិនជា​ស៊ីរីប្រើប្រាស់​ប្រព័ន្ធការពារ​ដែនអាកាស​របស់ខ្លួន ​ប្រឆាំង​នឹងយន្ដហោះ​ចម្បាំង​របស់យើង នោះយើង​នឹងបំផ្លាញប្រព័ន្ធ​ការពារដែន​អាកាស​របស់ពួកគេ​វិញ ដោយគ្មាន​ការស្ទាក់ស្ទើរ​ជាដាច់​ខាត (…) មួយវិញទៀត​បើសិនជា​ស៊ីរី នៅតែបន្ត​បញ្ជូនអាវុធ​ឱ្យក្រុមឧទ្ទាម​ហេសប៊ូលឡា យើងនឹង​ធ្វើអ្វីដែល​ត្រូវធ្វើ ហើយខ្ញុំ បញ្ជាក់​ឡើងវិញថា​ អ៊ីស្រាអែល​មិនចង់ លូកដៃ​ចូលក្នុងសង្រ្គាម​ស៊ីរី ឬក៏ប្រឈមមុខ​នឹងរុស្ស៊ី នោះ​ឡើយ ក៏ប៉ុន្តែសន្តិសុខ​អ៊ីស្រាអែល​គឺជាអាទិភាព​មុនគេ​បង្អស់» ។
គួរបញ្ជាក់ថា​បើតាមយោធាស៊ីរី កាលពីសប្ដាហ៍យន្ដហោះចម្បាំង​អ៊ីស្រាអែលពីរគ្រឿង ត្រូវបាន​បាញ់ទម្លាក់ តែអ៊ីស្រាអែល​បានបដិសេធ ៕


ប្រភព ហ្វ្រេសញ៉ូ

No comments